ត្រីរាជធំៗដ៏កម្រចំនួន ៤ក្បាល បានលែងចូលបឹងធម្មជាតិវិញ ដោយមានបំពាក់ស្លាកសញ្ញាតាមដានការបន្លាស់ទី និងជម្រករស់នៅរបស់វា
ភ្នំពេញ៖ ត្រីរាជមួយចំនួន ៤ក្បាល ដែលខ្លះមានទម្ងន់ដល់ទៅជាង១៣០គីឡូក្រាម ត្រូវបានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ លែងចូលទៅក្នុងបឹងធម្មជាតិវិញ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ។

បើតាមការឱ្យដឹងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រីទាំង ៤ក្បាលនោះ បានបំពាក់ស្លាកសញ្ញាម្តងទៀត ដើម្បីសិក្សាតាមដានពីការបន្លាស់ទី និងជម្រកក្នុងរដូវប្រាំង។ ក្រសួងកសិកម្ម បានឱ្យដឹងថា ត្រីរាជទី១ មានទម្ងន់១២០គ.ក្រ និងប្រវែងដងខ្លួន ២២២ ស.ម, ត្រីរាជទី២ មានទម្ងន់៩៥គ.ក្រ និងប្រវែងដងខ្លួន ២០៣ ស.ម ត្រូវបានចាប់នៅភូមិកោះតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំត្រូវបានលែងចូលក្នុងបឹងធម្មជាតិ។

ចំណែកឯ ត្រីរាជទី៣ មានទម្ងន់ ១៣១គ.ក្រ និងប្រវែងដងខ្លួន២២២ ស.ម ត្រូវបានចាប់នៅក្នុងឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម និងត្រីរាជទី៤ មានទម្ងន់២៧គ.ក្រ និងប្រវែងដងខ្លួន ១៣០ ស.ម ត្រូវបានចាប់នៅគន្លងដាយលេខ ៣C រាជធានីភ្នំពេញ និងបានលែងចូលក្នុងបឹងធម្មជាតិផងដែរ៕

Khmer Village
Official Verified Account

Khmer Village គឺជាអង្គភាពសារព័ត៌មានឯករាជ្យ និងគួរឱ្យទុកចិត្ត ដែលផ្តល់ជូននូវព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ ពីគ្រប់ទិសទីនៅកម្ពុជា និងពិភពលោក។