ការលើកឡើងរបស់ទេសាភិបាលកម្ពុជា ធ្វើឡើងក្នុងសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃបណ្តាប្រទេសជាសមាជិកមជ្ឈមណ្ឌលស៊ាសិន លើកទី៦០ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធាណរដ្ឋកូរ៉េ។ សន្និសីទប្រចាំឆ្នាំ២០២៤នេះ ផ្តោតលើប្រធានបទសំខាន់ៗដែលកើតឡើងជុំវិញពិភពលោក។ អង្គសន្និសីទបានពិភាក្សាអំពីជោគវាសនានៃសេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ២០២៥ខាងមុខ ក៏ដូចជាផលប៉ះពាល់ទៅលើសេដ្ឋកិច្ចនៃប្រទេសក្នុងតំបន់អាស៊ី ដែលបណ្តាលមកពីការបែងចែកតំបន់សេដ្ឋកិច្ចផងដែរ។
មុខព្រួញទី១ លោកជំទាវបណ្ឌិត ជា សិរី លើកឡើងថា ការទប់ស្កាត់ការកើនឡើងនៃអតិផរណាដ៏ខ្ពស់ ដែលកើតឡើងដោយសារកត្តាអាក់ខានក្នុងការផ្គត់ផ្គង់ក្នុងបរិការណ៍ នៃសង្រ្គាមនិងជម្លោះភូមិសាស្រ្តនយោបាយ។ ក្នុងមុខព្រួញនេះ ធនាគារកណ្តាលភាគច្រើនត្រូវបង្ខំចិត្តដំឡើងអត្រាការប្រាក់ ដើម្បីកាត់បន្ថយសម្ពាធអតិផរណា។ លោកជំទាវទេសាភិបាល គូសបញ្ជាក់ថា ជាផលវិបាក វិធានការនេះបានដាក់សម្ពាធបន្ថែមលើកំណើនសេដ្ឋកិច្ចកំពុងមានល្បឿនយឺតស្រាប់។
ចំពោះ មុខព្រួញទី២ ធនាគារកណ្តាលក្នុងប្រទេសកំពុងលូតលាស់និងកំពុងអភិវឌ្ឍន៍ ត្រូវបង្ខំចិត្តកែសម្រួលនយោបាយរូបិយវត្ថុ។ ជាពិសេស អត្រាការប្រាក់គោល ឱ្យស្របតាមជំហរនយោបាយរូបិយវត្ថុរបស់ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ដូចជា៖ សហរដ្ឋអាមេរិក ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ បើទោះបីជាអតិផរណានៅប្រទេសទាំងនោះស្ថិតនៅកម្រិតទាបក្តី។ លោកជំទាវបណ្ឌិត បានលើកឡើងពីមុខព្រួញទី២នេះ យ៉ាងដូច្នេះ ដោយបានបន្ថែមថា វិធានការសម្រួលនយោបាយរូបិយវត្ថុនេះនឹងដាក់សម្ពាធលើកិច្ចខំប្រឹងប្រែងដើម្បីជំរុញកំណើន។
ដើម្បីរួមចំណែកដោះសា្រយបញ្ហានេះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានលើកឡើងពីអនុសាសន៍ជាគោលនយោបាយ សម្រាប់ជំរុញកំណើនក្នុងស្ថានភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន តាមរយៈការលើកកម្ពស់ផលិតភាព ជាពិសេស ការចាប់យកបច្ចេកវិទ្យានិងនវានុវត្តន៍ ដូចជា បញ្ញាសិប្បនិម្មិត្ត (AI) និងការប្រែក្លាយទៅជាសេដ្ឋកិច្ចបៃតង ជាដើម៕