សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»
(ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤) - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»។

គួរបញ្ជាក់ថា ថ្នាលឌីជីថលនេះ នឹងជួយសម្រួលដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានប្រាក់ចំណូលប្រចាំឆ្នាំក្រោម ២៥០ លានរៀល ក្នុងការចុះបញ្ជីអាជីវកម្មរបស់ខ្លួន ដោយឥតគិតថ្លៃ និង មិនមានកាតព្វកិច្ចបង់ពន្ធឡើយ។

នេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ និងជួយសម្រួល ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រកបមុខរបរធ្វើការងារ និងមានអាជីវកម្មនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាសឱ្យបងប្អូន អាចអភិវឌ្ឍអាជីវកម្ម និងពង្រីកមុខរបរ ជាពិសេសធ្វើឱ្យកម្រិតជីវភាព និងសុខមាលភាពកាន់តែល្អប្រសើរ។

អត្ថប្រយោជន៍នៃថ្នាលឌីជីថល៖

• អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មិនចាំបាច់បង់ពន្ធ ឬ ថ្លៃសេវា សម្រាប់ការចុះបញ្ជីនោះទេ។
• ការចុះឈ្មោះ អាចធ្វើឡើងបានយ៉ាងងាយស្រួល តាមរយៈប្រព័ន្ធអនឡាញ។
• ជួយសម្រួលដល់ការធ្វើអាជីវកម្ម និង លើកកម្ពស់ សេដ្ឋកិច្ចជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់លើ សារៈសំខាន់ នៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមកម្ពុជា។ សម្តេចធិបតី ក៏បានអំពាវនាវ ដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ឲ្យចុះឈ្មោះ ដើម្បីទទួលបានអត្ថប្រយោជន៍ ពីកម្មវិធីនេះ។

Khmer Village
Official Verified Account

Khmer Village គឺជាអង្គភាពសារព័ត៌មានឯករាជ្យ និងគួរឱ្យទុកចិត្ត ដែលផ្តល់ជូននូវព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ ពីគ្រប់ទិសទីនៅកម្ពុជា និងពិភពលោក។