នាព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋបាលរាជធានី-ខេត្ត និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ត ដែលបានផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ កន្លងទៅនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) គ្រាន់តែជាការវាស់ស្ទង់សមត្ថភាពមួយផ្នែកប៉ុណ្ណោះ ដូច្នេះការជាប់និទ្ទេស A មិនប្រាកដថា ជាការធានាឲ្យទទួលបានជោគជ័យក្នុងជីវិតនោះឡើយ។
សម្តេចធិបតី បានបន្ថែមថា ការដែលកម្ពុជាខិតខំអភិវឌ្ឍន៍ខ្លួន ចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច គឺដើម្បីពង្រឹងសមត្ថភាព និងម្ចាស់ការលើខ្លួនឯង ព្រមទាំងបង្ហាញពីសក្តានុពលរបស់ជាតិទៅកាន់ពិភពលោក។