កម្មវិធីនេះក៏មានការចូលរួមពី ឯកឧត្តម ស្វាយ សុណ្ណារិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ ព្រមទាំង ឯកឧត្តម លោកជំទាវ មន្ត្រីរាជការ និងសមាជិក សមាជិកា នៃសមាគមយ៉ាងច្រើនកុះករ។
នាឱកាសនោះ ឯកឧត្តម កែវ រ៉េមី បានសម្ដែងនូវការអបអរសាទរ និងកោតសរសើរចំពោះ ឯកឧត្តម ស្វាយ សុណ្ណារិទ្ធ ដែលបានផ្ដួចផ្ដើមរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះឡើង ដើម្បីជួយដល់បងប្អូនអ្នកប្រកបរបរស៊ីក្លូ ក៏ដូចជា ផលិតករ សិប្បករ សេវាករ និងអាជីវករ ឲ្យមានឱកាសបង្ហាញពីផលិតផល និងសេវាកម្មរបស់ខ្លួន។
ឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍បន្ថែមថា កម្មវិធីនេះបានបង្កប់នូវគោលបំណងធំៗចំនួន ៣ គឺ៖ ទី១. ជំរុញឲ្យមានការគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ។ ទី២. ទាក់ទាញភ្ញៀវទេសចរ។ និងទី៣. លើកកម្ពស់មុខរបរ និងអភិរក្សស៊ីក្លូ ដែលជាអត្តសញ្ញាណមួយរបស់កម្ពុជា។