ក្រសួងកសិកម្ម គ្រោងវិនិយោគលើប្រព័ន្ធសូឡាបូមទឹកក្នុងទំហំ២០ម៉ឺនដុល្លារ ដល់សហគមន៍កសិកម្មទំនើប«ម្រេចមេមត់ត្បូងឃ្មុំ»
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងថា ក្រសួងកសិកម្ម គ្រោងនឹងវិនិយោគលើប្រព័ន្ធសូឡាបូមទឹកក្នុងទំហំប៉ាន់ស្មានជាបឋមតម្លៃ២០ម៉ឺនដុល្លារ ជូនដល់សមាជិកទាំង៦៥គ្រួសារ នៃសហគមន៍កសិកម្មទំនើប«ម្រេចមេមត់ត្បូងឃ្មុំ»។

តាមការឱ្យដឹងរបស់អ្នកនាំពាក្យក្រសួងកសិកម្ម នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ ប្រព័ន្ធសូឡាបូមទឹកធ្វើឡើង ជំនួសឱ្យការប្រើប្រាស់ម៉ាស៊ីនបូមទឹកដើរដោយប្រេងម៉ាស៊ូត ដើម្បីកាត់បន្ថយចំណាយប្រតិបត្តិការប្រចាំថ្ងៃរបស់សហគមន៍។ «ក្រុមការងារជំនាញមកពីនាយកដ្ឋានគ្រឿងយន្តកសិកម្ម កំពុងសិក្សាលម្អិតលើតម្រូវការបច្ចេកទេសចាំបាច់ ដើម្បីរៀបចំប្រព័ន្ធស្រោចស្រពដើរដោយសូឡាមួយ ដែលមានប្រសិទ្ធភាពបំផុត សម្រាប់គ្រប់ដណ្តប់លើផ្ទៃដីផលិតកម្មម្រេចជិត១០០ហិកតារបស់សហគមន៍»។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តម ឃឹម ហ្វីណង់ បានបន្ថែមថា តាមការប៉ាន់ស្មានបឋម សម្រាប់ប្រព័ន្ធស្រោចស្រពប្រភេទនេះ ការវិនិយោគអាចមានទំហំជិត ២០ម៉ឺនដុល្លារ តែអាចប្រើប្រាស់បានរយៈពេល១០ឆ្នាំ ប្រហាក់ប្រហែលគ្នានឹងទំហំចំណាយ ១ឆ្នាំកន្លះ បើធៀបនឹងប្រព័ន្ធចាស់ដើរដោយម៉ាស៊ូត ឬនិយាយមួយបែបទៀតគឺ ១ឆ្នាំកន្លះ អាចរួចខ្លួនបានដើមមកវិញ ហើយចំណេញជាង១លានដុល្លារសម្រាប់រយៈពេល១០ឆ្នាំ។

អ្នកនាំពាក្យរូបនេះ អះអាងថា ការសម្រេចចិត្តវិនិយោគលើប្រព័ន្ធស្រោចស្រពដើរដោយសូឡាបែបនេះ ទទួលបានអត្ថប្រយោជន៍មួយបែបទៀត ដែលកសិករអាចទទួលបាន ពីការចូលរួមជាសមាជិកនៃសហគមន៍កសិកម្មទំនើប៕

Khmer Village
Official Verified Account

Khmer Village គឺជាអង្គភាពសារព័ត៌មានឯករាជ្យ និងគួរឱ្យទុកចិត្ត ដែលផ្តល់ជូននូវព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ ពីគ្រប់ទិសទីនៅកម្ពុជា និងពិភពលោក។