«សាទរកម្ពុជា» នៅថ្ងៃទី៣១ ធ្នូ សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យចូលរួមទស្សនាផ្ទាំងទស្សនីយភាពជាច្រើន នៅមុខសួនព្រះបរមរាជវាំង
«សាទរកម្ពុជា» នៅថ្ងៃទី៣១ ធ្នូ សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យចូលរួមទស្សនាផ្ទាំងទស្សនីយភាពជាច្រើន នៅមុខសួនព្រះបរមរាជវាំង
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជន ឱ្យចូលរួមទៅទស្សនានូវផ្ទាំងទស្សនីយភាពជាច្រើន នៅក្នុងកម្មវិធី«សាទរកម្ពុជា» ដែលក្រុមការងារយុវជនបានត្រៀមលក្ខណៈ រៀបចំ និងហាត់សមយ៉ាងសកម្ម ដើម្បីនឹងបង្ហាញដល់សាធារណៈជនអំពីវប្បធម៌ កេរ្តិ៍ដំណែលដូនតាខ្មែរ ពិសេសអាចចូលរួមលេងកម្សាន្ត និងឈ្វេងយល់អំពីសមិទ្ធផលថ្មីៗ និងមោទនភាពចំពោះជាតិយើង។

សាទរកម្ពុជា គឺជាកម្មវិធីថ្មីមួយទៀត ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រសួង និងអាជ្ញាធរពាក់ព័ន្ធរៀបចំឡើងដើម្បីបង្ហាញពីមោទនភាពរបស់ប្រជាជនខ្មែរ យុវជន ស្នាមញញឹមមហាគ្រួសារខ្មែរក្រោមម្លប់នៃសុខសន្តិភាព ដែលយើងខកខានអស់រយៈកាលជាង ៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា៖«បច្ចុប្បន្នយើងកំពុងទទួលបានសុខសន្តិភាពពេញបរិបូរ និងឱកាសយ៉ាងច្រើនក្នុងការសិក្សារៀនសូត្រ ប្រកបរបររកស៊ី និងថែរក្សាបានវប្បធម៌ និងប្រពៃណីយ៉ាងផូរផង់របស់កម្ពុជា»។

«សាទរកម្ពុជា» គ្រោងនឹងប្រារព្វធ្វើឡើងចាប់ពីរសៀលថ្ងៃទី៣១ ធ្នូ រហូតដល់ឆ្លងឆ្នាំសាកល ២០២៥ នៅមុខសួនព្រះបរមរាជវាំង ដែលត្រូវបានក្រុមការងាររៀបចំយ៉ាងយកចិត្តទុកដាក់ និងជិតរួចរាល់ ១០០% ដើម្បីនឹងដាក់ដំណើរការទៅទស្សនាកម្សាន្ត រីករាយជាមួយមហាគ្រួសារខ្មែរនាថ្ងៃទី៣១ ខែធ្នូ ខាងមុខនេះ ហើយត្រៀមរាប់ថយក្រោយឆ្លងឆ្នាំថ្មី២០២៥ ផងដែរ៕

Khmer Village
Official Verified Account

Khmer Village គឺជាអង្គភាពសារព័ត៌មានឯករាជ្យ និងគួរឱ្យទុកចិត្ត ដែលផ្តល់ជូននូវព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ ពីគ្រប់ទិសទីនៅកម្ពុជា និងពិភពលោក។