ដើម្បីរួមចំណែកទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាម៉េរិកក្លែងក្លាយ និងតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក ធនាគារជាតិនៃកម្ពុជា បានស្នើឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដកហូតក្រដាសប្រាក់ដុល្លារអាម៉េរិកក្លែងក្លាយ ពីអតិថិជនដោយ គ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាម៉េរិកជាមួយនឹងរបាយការណ៍ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ ដើម្បីភ្នាក់ងារសម្ងាត់អាមេរិកស៊ើបអង្កេតបន្ត។
ជាមួយគ្នានេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវរក្សាទុកព័ត៌មានអំពីអត្តសញ្ញាណអតិថិជន ដែលចរាចរក្រដាសប្រាក់ដុល្លារអាម៉េរិកក្លែងក្លាយ ហើយផ្តល់ព័ត៌មានទាំងនេះមកធនាគារជាតិនៃកម្ពុជា។ ធនាគារនៃកម្ពុជា ក៏បានអំពានាវដល់សាធារណជនឱ្យប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យពិច័យឱ្យបានហ្មត់ចត់ មុននឹងទទួលយកក្រដាសប្រាក់ដុល្លារអាម៉េរិក។ ក្នុងករណីមានការសង្ស័យថា ក្រដាសប្រាក់ដុល្លារអាម៉េរិកនោះក្លែងក្លាយ សូមផ្តល់ព័ត៌មានទៅធនាគារជាតិនៃកម្ពុជា។
ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ណែនាំអតិថិជនរបស់ខ្លួន អំពីរបៀបកំណត់អត្តសញ្ញាណក្រដាសប្រាក់ដុល្លារអាម៉េរិកពិត ដើម្បីចូលរួមការទប់ស្កាត់ការប្រើប្រាស់ ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ៕