ក្រសួងកសិកម្ម នឹងដាក់ទុនឱ្យសហគមន៍ខ្ចី ក្នុងរង្វង់៥លានដុល្លារ ដោយមិនចាំបាច់ឱ្យកសិករពិបាកជាប់បំណុល
ភ្នំពេញ៖ ប្រជាកសិករមកពីសង្កាត់អូរកន្ទរ និងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ស្ម័គ្រចិត្តរួមគ្នាជាមួយឃុំកំពង់គោ ស្រុកកំពង់ស្វាយ ដើម្បីក្លាយជាសហគមន៍កសិកម្មទំនើបខ្នាតធំ ផលិតស្រូវសែនក្រអូបរបស់កម្ពុជាលើផ្ទៃដី៥០០០ហិកតា ក្នុងតម្លៃកុងត្រាទុកជាមុនចាប់ពី ១៣០០រៀលក្នុងគីឡូក្រាមឡើងទៅ។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងកសិកម្ម ឯកឧត្តម ឃឹម ហ្វីណង់។ ការរួមគ្នាបង្កើតជាសហគមន៍ទំនើបនេះ ស្របពេលស្រូវអូអឹមរបស់វៀតណាមកំពុងធ្លាក់ថ្លៃ។

«ក្រសួងកសិកម្ម នឹងដាក់ទុនឱ្យសហគមន៍ខ្ចី ក្នុងរង្វង់៥លានដុល្លារ ដោយមិនចាំបាច់ឱ្យកសិករសមាជិកពិបាកជាប់បំណុលគេ ឬត្រូវដាក់ទុនដោយខ្លួនឯងឡើយ»។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដោយបានបន្ថែមថា យន្តការផ្តល់កម្ចីនេះ ជាដំណោះស្រាយបន្ទាន់ ដែលក្រសួងកសិកម្មព្យាយាមផ្តល់ជូនកសិករ ដែលធ្លាប់តែដាំពូជស្រូវរបស់ប្រទេសវៀតណាម ហើយកំពុងពិបាករកទីផ្សារនិងមិនទទួលបានតម្លៃល្អ។

អ្នកនាំពាក្យរូបនេះ លើកឡើងយ៉ាងដូច្នេះ៖«បើអាណិតកសិករយើង ហើយពិតជាចង់ជួយដោះស្រាយបញ្ហាជូនពួកគាត់មែន សូមជួយផ្សព្វផ្សាយឱ្យកសិករយើងងាកមករួមគ្នាជាសហគមន៍ និងដាំពូជអង្ករក្រអូបរបស់ខ្មែរ ជាជាងការនៅតែបន្តដាំពូជរបស់គេ ដែលពិបាកទាំងទីផ្សារ ពិបាកទាំងការអន្តរាគមន៍ជួយពេលមានបញ្ហា»។ ឯកឧត្តម ឃឹម ហ្វីណង់ បានសង្កត់ធ្ងន់ថា ល្មមដល់ពេលដែលខ្មែរយើងត្រូវចេះរួមគ្នា ទទួលស្គាល់ឫសគល់នៃបញ្ហា ចាប់យកទីផ្សារមកទុកក្នុងកណ្តាប់ដៃរបស់យើង ហើយរៀនម្ចាស់ការលើជោគវាសនារបស់ខ្លួនដោយខ្លួនឯងហើយ៕

Khmer Village
Official Verified Account

Khmer Village គឺជាអង្គភាពសារព័ត៌មានឯករាជ្យ និងគួរឱ្យទុកចិត្ត ដែលផ្តល់ជូននូវព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ ពីគ្រប់ទិសទីនៅកម្ពុជា និងពិភពលោក។