អង្គរសង្ក្រាន្តឆ្នាំ២០២៥ បន្ថែមកម្មវិធីប្រណាំងសេះ បង្កើនភាពសប្បាយរីករាយទ្វេដង
ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នឹងកាន់តែពិសេស និងប្លែកជាងឆ្នាំមុនៗ ដោយមានការបន្ថែមកម្មវិធីប្រណាំងសេះជាលើកដំបូង ក្រៅពីកម្មវិធីប្រណាំងរទេះគោ និងក្របី ដែលជាកម្មវិធីប្រពៃណីដ៏ពេញនិយម។

កាលពីរសៀលថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារប្រណាំងរទេះគោ និងក្របីនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានសហការជាមួយសហព័ន្ធសេះ និងម្ចាស់សេះ ដើម្បីធ្វើការប្រណាំងសាកល្បង ជ្រើសរើស និងសម្រិតសម្រាំងយកពូជសេះល្អៗ ដែលមានល្បឿនលឿន ដើម្បីចូលរួមប្រណាំងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នាពេលខាងមុខនេះ។

ការប្រណាំងរទេះគោ ក្របី និងសេះ នឹងប្រព្រឹត្តទៅនៅបរិវេណតំបន់អង្គរឃ្យូងយូរ នៅថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ដើម្បីបង្កើនទស្សនីយភាពសប្បាយរីករាយ និងភាពរំភើបជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ការបន្ថែមកម្មវិធីប្រណាំងសេះនេះ គឺជាការខិតខំប្រឹងប្រែងរបស់ក្រុមការងាររៀបចំ ដើម្បីនាំមកនូវភាពថ្មី និងប្លែកដល់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលជាព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់របស់កម្ពុជា។

លើសពីនេះ ការប្រណាំងសេះនេះ ក៏ជាការបង្ហាញពីការគោរពដល់កីឡាប្រពៃណី និងជាការលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយឱ្យចូលរួមក្នុងសកម្មភាពកីឡា។

ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ រង់ចាំទស្សនាការប្រណាំងរទេះគោ ក្របី និងសេះដ៏អស្ចារ្យក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នាពេលខាងមុខនេះ។

Khmer Village
Official Verified Account

Khmer Village គឺជាអង្គភាពសារព័ត៌មានឯករាជ្យ និងគួរឱ្យទុកចិត្ត ដែលផ្តល់ជូននូវព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ ពីគ្រប់ទិសទីនៅកម្ពុជា និងពិភពលោក។