លោកជំទាវបានញ្ជាក់ថា ភាគីមិត្តចិនបានយកចិត្តទុកដាក់យ៉ាងខ្លួន លើផលប៉ះពាល់ដល់ប្រជាជន ព្រមទាំងឃ្លាំងមើលតាមដានពីស្ថានភាពព្រំដែន យ៉ាងយកចិត្តទុកដាក់។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើការប្រកបដោយស្ថាបនា ដោយស្មោះត្រង់ និងសហការយ៉ាងជិតស្និទ្ធ ជាមួយប្រទេសថៃ ម៉ាឡេស៊ី បណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត និងដៃគូពាក់ព័ន្ធទាំងអស់ ដូចជាអាមេរិក ចិន ដើម្បីធានាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាពនិងពេញលេញ និងដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការ សហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ បើតាម អ្នកនាំពាក្យក្រសួងការពារជាតិ គិតត្រឹមម៉ោង៦ព្រឹកថ្ងៃទី២២ ខែសីហានេះ សភាពការណ៍តាមបណ្តោយព្រំដែនយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ នៅខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ គឺមានសភាពស្ងប់ស្ងាត់ធម្មតា ហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងរបស់កម្ពុជា ក្នុងការប្រុងប្រយ័ត្នជានិច្ច អនុវត្តតួនាទីបានយ៉ាងខ្ជាប់ខ្ជួន ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា៕