ក្រោមអធិបតីភាពឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី តំណាងឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដោយមានការចូលរួមពីលោកចៅសង្កាត់ចំរេីនផល មន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្ស សរុបប្រមាណ ២០០នាក់។
ក្នុងនាមម្ចាស់អំណោយ និងតាងនាមឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ឯកឧត្តម ដួង វិរ័ត្ន បានរំលេចពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងចិន ដែលប្រទេសទាំងពីរកំពុងរួមគ្នាកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ជាពិសេសការគាំទ្រដល់ការកែលម្អបណ្ណាល័យនៅតាមសាលារៀន គឺជាការរួមចំណែកដ៏សំខាន់ក្នុងការបង្កើតបរិយាកាសសិក្សាល្អប្រសើរ លើកកម្ពស់ទម្លាប់អាន និងពង្រីកចំណេះដឹងរបស់កុមារជំនាន់ក្រោយ។
ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះស្ថានទូតចិនប្រចាំកម្ពុជា ដែលបានផ្តល់ការគាំទ្រដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិលក្នុងការអនុវត្តគម្រោងកែលម្អបណ្ណាល័យមិត្តភាពកម្ពុជា-ចិន រហូតសម្រេចបានចំនួន៤ទីតាំង រួមមាន៖ ទី១-សាលាបឋមសិក្សាអង្គកំនប់ ស្រុកបាទី ខេត្តតាកែវ ទី២-សាលាបឋមសិក្សាប្រសូត ស្រុកបាធាយ ខេត្តកំពង់ចាម ទី៣-សាលាបឋមសិក្សាតានី ក្រុងរុនតាឯក ខេត្តសៀមរាប និង ទី៤-សាលាបឋមសិក្សាគីរីបរវង្ស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃនេះ។
លោក សែម ញ៉ក់ នាយកសាលាបឋមសិក្សាគីរីបរវង្ស បានថ្លែងអំណរគុណចំពោះស្ថានទូតចិនប្រចាំកម្ពុជា និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលបានជួយកែលម្អអគារមួយដែលមានសភាពទ្រុឌទ្រោម និងខូចខាតស្ទើរទាំងស្រុង ឱ្យក្លាយជាអគារដែលមានមុខងារប្រើប្រាស់ច្បាស់លាស់ និងបម្រើផលប្រយោជន៍ដល់សាលារៀនទាំងមូល។
លោកបានបញ្ជាក់ថា អគារដែលបានកែលម្អនេះមាន៣បន្ទប់សំខាន់ គឺ៖ ទី១-ជាបណ្ណាល័យដ៏ស្រស់ស្អាត និងជាទីកន្លែងសម្រាប់សិស្សានុសិស្សអានសៀវភៅ ទី២-ជាកន្លែងប្រជុំ និងពិភាក្សាការងាររបស់លោកគ្រូ អ្នកគ្រូ និងទី៣-ជាទីចាត់ការសម្រាប់គ្រប់គ្រងការងារប្រចាំថ្ងៃរបស់សាលា។
លោក សែម ញ៉ក់ ក៏បានបញ្ជាក់ពីការទទួលយកអនុសាសន៍របស់ឯកឧត្តម ដួង វិរ័ត្ន ដោយប្តេជ្ញាចិត្តថែរក្សា និងប្រើប្រាស់បណ្ណាល័យឱ្យបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញការអាន និងបង្កើនចំណេះដឹងរបស់សិស្សានុសិស្ស។ លោកបានចាត់ទុកអគារបណ្ណាល័យនេះថា ជា«ផ្ទះរួមនៃប្រជាជនកម្ពុជា និងចិន» ដែលបង្ហាញពីស្មារតីមិត្តភាព កិច្ចសហប្រតិបត្តិការ និងការចែករំលែកផលប្រយោជន៍ក្នុងវិស័យអប់រំ។
ការដាក់ឱ្យដំណើរការបណ្ណាល័យមិត្តភាពកម្ពុជា-ចិន ទី៤ នេះ គឺជាសកម្មភាពជាក់ស្តែងមួយក្នុងការលើកកម្ពស់បរិយាកាសសិក្សានៅតាមសាលាបឋមសិក្សា និងជំរុញវប្បធម៌អានក្នុងចំណោមកុមារ។ បណ្ណាល័យមិនត្រឹមតែជាកន្លែងផ្ទុកសៀវភៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងបណ្តុះគំនិត សមត្ថភាពស្រាវជ្រាវ និងសេចក្តីស្រឡាញ់ចំពោះការសិក្សារៀនសូត្រ ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍធនធានមនុស្សនាពេលអនាគត៕