ភ្នំពេញ៖ រដ្ឋាភិបាល ជប៉ុន តាមរយៈឯកអគ្គរាជទូតនៃប្រទេសជប៉ុន ប្រចាំកម្ពុជា បានផ្តល់ជំនួយឥតសំណងដែលមានទឹកប្រាក់ចំនួន ១.០០១ លានយ៉េន ស្មើនឹងប្រមាណ ៧,២ លានដុល្លារអាម៉េរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។
នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ការផ្តល់ហិរញ្ញប្បទានឥតសំណងនេះ មានគោលបំណងអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុន ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ជំនួយនេះ នឹងរួមចំណែកក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ សូមបញ្ជាក់ថា ការផ្តល់ជំនួយនេះធ្វើឡើងក្រោមការចុះហត្ថលេខា រវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា នៅទីស្តីការក្រសួង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ៕