ភ្នំពេញ៖ ឯកឧត្តម យួន ផុនរតនៈ រដ្ឋលេខាធិកាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លើកទឹកចិត្តឱ្យវិនិយោគិនពីប្រទេសលីទុយអានី ទាញយកឱកាសវិនិយោគក្នុងវិស័យកសិកម្ម និងការកែច្នៃផលិតផលនៅកម្ពុជា។ ជាពិសេស ការនាំចេញផលិតផលដែលមានសក្តានុពលខ្ពស់របស់កម្ពុជារួមមាន អង្ករ ម្រេច និងគ្រាប់ស្វាយចន្ទី។
ការជំរុញលើកទឹកចិត្តដល់វិនិយោគគិនលីទុយអានីនេះ យោងតាមលទ្ធផលនៃកិច្ចពិគ្រោះយោបល់ទ្វេភាគី កម្ពុជា-លីទុយអានី រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា និងក្រសួងការបរទេស នៃសាធារណរដ្ឋលីទុយអានី នៅរាធានីភ្នំពេញ ដែលចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ។
ឯកឧត្តម យួន ផុនរតនៈ បានប្រាប់ដល់ភាគីលីទុយអានី អំពីវឌ្ឍនភាពនយោបាយ និងសេដ្ឋកិច្ច របស់កម្ពុជា ដោយបានរៀបរាប់លម្អិតអំពីយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនផងដែរ ដែលរួមមាន៖ អាកាសយានដ្ឋានអន្តរជាតិតេជោ និងព្រែកជីកហ្វូណនតេជោ ដែលនឹងពង្រឹងការតភ្ជាប់ក្នុងតំបន់របស់កម្ពុជាបន្ថែមទៀត៕