អភិបាលខេត្តកែប ឱ្យស្នងការដ្ឋាននគរបាលខេត្តកែប បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប និងរដ្ឋបាល ក្រុង ស្រុក បន្តពង្រឹងអនុវត្តវិធានការទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន, ចាត់វិធានការតឹងរឹងក្នុងការតាមដានត្រួតពិនិត្យ និងហាមឃាត់ការផ្សព្វផ្សាយ ចែករំលែកបន្តនូវរូបភាព ឬខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ តាមគ្រប់មធ្យោបាយ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត តម្រូវឱ្យសហការជាមួយមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យយល់ដឹងពីហានិភ័យ និងផលប៉ះពាល់នៃការលេងល្បែងស៊ីសង ដើម្បី ចូលរួមទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់ ដែលជាផ្នែកមួយរិនៃការអនុវត្តគោល នយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព», មន្ទីរព័ត៌មានខេត្តកែប ត្រូវជំរុញបណ្តាញផ្សព្វផ្សាយនានា ឱ្យផលិសដេអូដែលមាន ខ្លឹមសារផ្តល់ចំណេះដឹងពីផលប៉ះពាល់នៃការលេងល្បែងស៊ីសងខុសហ្មត់ ដើម្បី ផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានយល់ដឹងបន្ថែមពីបញ្ហានេះ។
បន្ថែមពីណេះ ត្រូវហាមប្រាមដាច់ខាតនូវការប្រើប្រាស់អាវយឺត ឬសម្ភារផ្សេងៗ ដែលមានបោះពុម្ពរូបភាព (Screen) ផេកកាស៊ីណូ អនឡាញ ឬការលើកទឹកចិត្តផ្សេងៗឱ្យលេងល្បែងស៊ីសង នៅក្នុងកម្មវិធីប្រគំតន្ត្រី និងកម្មវិធីកម្សាន្ត សប្បាយផ្សេងៗនៅខេត្តកែប និងមិនអនុញ្ញាតឱ្យក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមានរូបភាព ឬខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់ លើផ្ទាំងបដាផ្សេងៗក្នុងភូមិសាស្ត្រខេត្តកែបទៀតឡើយ៕