ការប្រមូលផ្តុំអ្នកដាំដុះកៅស៊ូនេះ ដើម្បីឱ្យក្លាយទៅជាបណ្តុំមួយដែលមានភាពរឹងមាំ មានផែនការវិនិយោគ និងផលិតកម្មច្បាស់លាស់ ព្រមទាំងឆ្លើយតបទៅតាមតម្រូវការទីផ្សារ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា នៅក្នុងអង្គប្រជុំកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ។ ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់បន្ថែមថា ការងារកៅស៊ូនេះ ត្រូវពិចារណាគិតគូរឱ្យបានវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ សំដៅជំរុញការពង្រឹងនូវផលិតកម្ម ដោយមិនមានការពង្រីកឡើយ។
ការគិតគូពីវិស័យកៅស៊ូនេះ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល មានសេដ្ឋកិច្ចមាត្រដ្ឋាន រៀបចំមូលដ្ឋានច្បាប់ បច្ចេកទេសច្បាស់លាស់ សិក្សាពីតម្រូវការទីផ្សារ កាត់បន្ថយថ្លៃដើមផលិត និងផ្តល់ផលចំនេញសេដ្ឋកិច្ចពិតប្រាកដដល់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ ដើម្បីឆ្លើយតបទៅនឹងកិច្ចសន្យាសមិទ្ធកម្មជាមួយក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដែលជាបទពិសោធសម្រាប់ការអនុវត្តការងារឆ្នាំ២០២៥ កាន់តែមានប្រសិទ្ធភាព និងដាក់អាទិភាពចំគោលដៅ ឯកឧត្តមរដ្ឋមន្ត្រី ឱ្យអង្គពិធីត្រូវចូលរួមពិភាក្សាលើផែនការថវិកា ការប្រើប្រាស់ថវិកា និងលទ្ធផលសូចនាករទាំងអស់ ប្រៀបធៀបនឹងផែនការរំពឹងទុក ព្រមទាំងពិនិត្យវាយតម្លៃឱ្យបានច្បាស់លាស់ផងដែរ៕