ស្ត្រីដែលរស់នៅក្នុងភូមិម្រេច (ហៅម្រេចថ្មី) ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ បានរៀបរាប់ប្រាប់ថា ខ្លួនគាត់មិនដឹងថាឈឺពោះសម្រាលកូនទេ ពេលទៅបត់ជើងតូចក៏សម្រាលភ្លាម ពេលនោះបងប្អូនឪពុកម្តាយ ក៏ហៅគោយន្ត និងរាយការណ៍ទៅក្រុមទ្រទ្រង់សុខភាពភូមិ (VHSG)។ នេះបើតាមការឱ្យដឹងពីលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។
ក្រោយពីបានឃើញពីសកម្មភាពបែបនេះ ក្រុមទ្រទ្រង់សុខភាពភូមិ និងអ្នកភូមិ បានទូរសព្ទទៅប្រធានមណ្ឌលសុខភាពកោះកេរ្តិ ភ្លាមៗ ដោយលោកស្រី ពិន ចាន់ថុល ប្រធានមណ្ឌលសុខភាព បានបញ្ជូនរថយន្តគិលានសង្គ្រោះ និងឆ្មបដើម្បីទៅទទួលស្រ្តីនោះ និងបានជួយសង្គ្រោះដល់ម្ដាយ និងទារក។ ក្នុងអំឡុងពេលនោះដែរ ស្រ្តីត្រូវបានក្រុមគ្រួសារបញ្ជូនមកមណ្ឌលសុខភាពតាមគោយន្ត។
ក្រុមរថយន្តគិលានសង្រ្គោះ និងឆ្មបរបស់មណ្ឌលសុខភាពកោះកេរ្តិ បានជួបនឹងគោយន្ដដែលដឹកស្រ្តីនោះតាមផ្លូវ ហើយឆ្មបក៏បានសង្គ្រោះទារក ដែលទើបកើតមានទម្រងន់តែ ១គីឡូក្រាមប៉ុណ្ណោះ ដោយបានរុំនឹងក្រណាត់ក្រាស់ៗ ដើម្បីឲ្យទទួលបាននូវភាពកក់ក្ដៅ និងបានធ្វើការទំលាក់សុក។ បន្ទាប់មកក្រុមគ្រូពេទ្យ បានបញ្ជូនស្រ្តីជាម្ដាយ និងទារក ទៅកាន់មណ្ឌលសុខភាពកោះកេរ្តិ ដើម្បីពិនិត្យ និងសម្អាតស្បូន។
ដោយទារកមានទំងន់ទាបពេក(ទំងន់ ១គីឡូក្រោម) ហើយយមណ្ឌលសុខភាព នៅគៀកទៅនឹងខេត្តសៀមរាប លោកស្រីប្រធានមណ្ឌលសម្រេចចិត្តបញ្ជូនទាំងម្ដាយ និងទារក ទៅមន្ទីរពេទ្យគន្ធាបុប្ផានៅខេត្តសៀមរាប ដើម្បីបន្តការតាមដាន និងព្យាបាល ដោយរថយន្តគិលានសង្រ្គោះរបស់មណ្ឌលសុខភាព។ ទាំងម្ដាយ និងទារក ត្រូវបានបញ្ជូនដល់មន្ទីរពេទ្យគន្ធាបុប្ផា ខេត្តសៀមរាប ដោយសុវត្ថិភាព។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា សកម្មភាពនិងការខ្នះខ្នែងរបស់ក្រុមគ្រូពេទ្យបែបនេះថា ជាទង្វើរដ៏ល្អប្រពៃមួយ ដែលជាការបើកទំព័រឆ្នាំថ្មី២០២៥ ដ៏ល្អណាស់ និងជាការបញ្ជាក់ពីទឹកចិត្តគ្រូពេទ្យចំពោះអ្នកមានធុរៈ និងមានតម្រូវការជួយសង្គ្រោះបែបនេះផងដែរ។ លោកជំទាវវេជ្ជបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរនូវការប្រតិបត្តិរបស់ក្រុមគ្រូពេទ្យមណ្ឌលសុខភាពកោះកេរ្តិ ប្រកបដោយការយកចិត្តទុកដាក់ និងក្រមសីលធ៍មខ្ពស់ ក្នុងការខិតខំជួយសង្គ្រោះទាំងម្តាយ និងទារក ហើយបានបញ្ជូនដល់មន្ទីរពេទ្យគន្ធបុប្ជា នៅខេត្តសៀមរាប ដោយសុខសុវត្ថិភាព៕