នៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ មុនពេលការបោះឆ្នោតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅកាន់ភោជនីយដ្ឋាន McDonald's ក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania កាលពីថ្ងៃទី ២០ ខែតុលា។ នៅទីនោះ លោកបានស្លៀកពាក់ឯកសណ្ឋានបុគ្គលិក McDonald's រួចចាប់ផ្តើមចៀនដំឡូងបារាំង ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា មានមនុស្សរាប់ពាន់នាក់បានមកចោមរោមមើលសកម្មភាពរបស់លោក ត្រាំ។ លោក ត្រាំ បានអះអាងថា ដំណើរទស្សនកិច្ចនេះគឺដើម្បីចំអកឱ្យអនុប្រធានាធិបតី កាម៉ាឡា ហារីស ដែលធ្លាប់បាននិយាយថា អ្នកស្រីធ្លាប់ធ្វើការនៅ McDonald's កាលនៅជានិស្សិត។ លោក ត្រាំ មិនជឿថា លោកស្រី ហារីស ធ្លាប់ធ្វើការនៅទីនោះទេ ប៉ុន្តែមិនបានផ្តល់ភស្តុតាងណាមួយឡើយ។