សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការជំរុញសុខដុមនីយកម្មសាសនា ជា DNA របស់គណបក្សប្រជាជនកម្ពុជា ដែលធានាភាពសុខសាន្ត និងសុខដុមរមនាសង្គមជាតិទាំងមូល
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការជំរុញសុខដុមនីយកម្មសាសនា ជា DNA របស់គណបក្សប្រជាជនកម្ពុជា ដែលធានាភាពសុខសាន្ត និងសុខដុមរមនាសង្គមជាតិទាំងមូល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា ការជំរុញសុខដុមនីយកម្មសាសនា គឺជា DNA របស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់គោលការណ៍នេះជានិច្ច និងធានាបន្តអនុវត្តគោលនយោបាយនេះ ព្រោះជាការធានាភាពសុខសាន្ត និងសុខដុមរមនារបស់សង្គមជាតិទាំងមូល ។

ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាមនិងពុទ្ធសាសនា” រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម (MWL) នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាតិ សាសនា ព្រះមហាក្សត្រ គឺជាបាវចនាជាតិរបស់កម្ពុជា ហើយរដ្ឋធម្មនុញ្ញកំណត់យកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ។ ក្នុងនោះសម្តេចធិបតី ក៏បានសម្តែង នូវមោទនភាពក្រៃលែង ដែលអង្គការសម្ព័ន្ធពិភពឥស្លាម បានទទួលស្គាល់ពីសាមគ្គីភាព ភាពអត់ឱន និងភាពមិនជ្រុលនិយម និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានខិតខំកសាងមកយ៉ាងលំបាក និងថែទាំយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដោយហេតុថា កត្តាទាំងនេះ គឺជាធាតុផ្សំមិនអាចខ្វះបាននៃសន្តិភាព និងស្ថិរភាពយូរអង្វែងរបស់កម្ពុជា ។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ដូចដែលខ្ញុំបានលើកក្នុងពេលថ្មីនេះមកថា ជាតថភាពប្រវត្តិសាស្ត្រ ការជំរុញសុខដុមនីយកម្មសាសនា គឺជា DNA របស់គណបក្សប្រជាជនកម្ពុជា ហើយគ្រប់អាណត្តិនៃរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា យើងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍នេះជានិច្ច ។ ក្នុងនាមខ្ញុំ ជាថ្នាក់ដឹកនាំបន្តវេន ខ្ញុំសូមធានាអះអាងថា យើងនៅតែបន្តអនុវត្តគោលនយោបាយនេះ ពីព្រោះនេះគឺជាការធានាភាពសុខសាន្ត និងសុខដុមរមនារបស់សង្គមជាតិយើងទាំងមូល”៕

អត្ថបទ៖ MoINFO APP

Khmer Village
Official Verified Account

Khmer Village គឺជាអង្គភាពសារព័ត៌មានឯករាជ្យ និងគួរឱ្យទុកចិត្ត ដែលផ្តល់ជូននូវព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ ពីគ្រប់ទិសទីនៅកម្ពុជា និងពិភពលោក។