នៅឆ្នាំ២០២៦ ក្នុង ឱកាសខួបលើកទី៩០ នៃជ័យជម្នះមហាដំណើរ ការរំលឹកប្រវត្តិសាស្ត្រនេះមិនត្រឹមតែជាការឈ្វេងយល់អំពីអតីតកាលប៉ុណ្ណោះទេ ថែមទាំងជាការពិចារណាអំពីប្រភពកម្លាំងចិត្តដែលជំរុញប្រទេសចិនឆ្ពោះទៅរកការអភិវឌ្ឍនាពេលអនាគត។ មហាដំណើរគឺជាឫសគល់នៃជ័យជម្នះក្នុងការដឹកនាំប្រជាជនចិនឱ្យក្លាយជាម្ចាស់ការលើវាសនាប្រទេសជាតិ ហើយស្មារតីមហាដំណើរក៏ជាឫសកែវនៃការរក្សាគោលជំហរ និងគោលបំណងដើមរបស់បក្សកុម្មុយនិស្តចិន ក្នុងការបម្រើប្រជាជន និងជំរុញការរីកចម្រើនរបស់ប្រទេសចិន ។ ស្មារតីនេះបានបន្តឆ្លុះបញ្ចាំងតាមរយៈការកែទម្រង់ និងការបើកទូលាយ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍឧស្សាហកម្ម និងការលើកកម្ពស់ជីវភាពប្រជាជនចិន។ ជាក់ស្តែង ក្នុងឆ្នាំ២០២១ ប្រទេសចិនបានប្រកាសសម្រេចគោលដៅខួប១០០ឆ្នាំលើកទី១ គឺការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ និងការលុបបំបាត់ភាពក្រីក្រដាច់ខាតតាមស្តង់ដារជាតិរបស់ខ្លួន។ សមិទ្ធផលនេះបានបង្កើតមូលដ្ឋានសម្រាប់ប្រទេសចិនបន្តបោះជំហានយ៉ាងស្វាហាប់ នៅក្នុងមហាដំណើរថ្មីរបស់ខ្លួនឆ្ពោះទៅគោលដៅខួប១០០ឆ្នាំលើកទី២ ដែលជាការកសាងប្រទេសសង្គមនិយមទំនើបដ៏រឹងមាំ និងមានវិបុលភាពនៅពាក់កណ្តាលសតវត្សរ៍ទី២១។ កំណើនសេដ្ឋកិច្ច និងការច្នៃប្រឌិតបច្ចេកវិទ្យា
គឺជាកម្លាំងចលករសំខាន់សម្រាប់ការសម្រេចចក្ខុវិស័យនេះ។ ជាទឡ្ហីករណ៍ ក្នុងឆ្នាំ២០២៥ សេដ្ឋកិច្ចចិនបានកើនឡើង៥% ដោយផលិតផលក្នុងស្រុកសរុបមានទំហំប្រមាណ ១៤០,១៩ទ្រីលានយាន់។ សមិទ្ធផលនេះឆ្លុះបញ្ចាំងពីសមត្ថភាពផលិតកម្មដ៏ទូលំទូលាយ និងការបន្តអភិវឌ្ឍរបស់ប្រទេសចិន។ ក្នុងដំណាក់កាលបន្ទាប់ ចិនកំពុងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ តាមរយៈការពង្រឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអភិវឌ្ឍឧស្សាហកម្មទំនើប ការលើកកម្ពស់ផលិតភាព និងការអនុវត្តផែនការអភិវឌ្ឍន៍ជាតិរយៈពេលប្រាំឆ្នាំទី១៥ (២០២៦-២០៣០)។ ទិសដៅទាំងនេះបង្ហាញថា ស្មារតីតស៊ូពីអតីតកាលកំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងចក្ខុវិស័យ និងការច្នៃប្រឌិត ដើម្បីកសាងអនាគតកាន់តែប្រសើរតាមមាគ៌ាដ៏ប្រពៃនៃទំនើបកម្មសង្គមនិយមតាមបែបផែនចិន។
ក្នុងទស្សនៈអភិវឌ្ឍសកល បទពិសោធរបស់ចិនផ្តល់នូវចំណុចសិក្សាសំខាន់ៗពីមហាដំណើរដែលមានវ័យ៩០ឆ្នាំមកនេះ ដូចជាការកំណត់គោលដៅរយៈពេលវែង ការផ្សារភ្ជាប់កំណើនសេដ្ឋកិច្ចជាមួយការលើកកម្ពស់ជីវភាពប្រជាជន ការវិនិយោគលើធនធានមនុស្ស និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ សម្រាប់បណ្តាប្រទេសនានា បទពិសោធទាំងនេះអាចជាមូលដ្ឋានសម្រាប់សិក្សា និងកែសម្រួលទៅតាមលក្ខខណ្ឌជាក់ស្តែងរបស់ប្រទេសជាតិរៀងៗខ្លួន។ កិច្ចសហប្រតិបត្តិការជាមួយចិនលើវិស័យអប់រំ កសិកម្ម ឧស្សាហកម្ម បច្ចេកវិទ្យា និងការតភ្ជាប់សេដ្ឋកិច្ច បណ្តាប្រទេសនានាអាចបង្កើតឱកាសថ្មីសម្រាប់ ការអភិវឌ្ឍធនធានមនុស្ស ការបង្កើនតម្លៃផលិតផល និងការពង្រីកទីផ្សារ។ ការអភិវឌ្ឍរបស់ប្រទេសមួយអាចបង្កើតអត្ថប្រយោជន៍កាន់តែទូលំទូលាយ នៅពេលដែលវាត្រូវបានភ្ជាប់ជាមួយកិច្ចសហប្រតិបត្តិការដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។
ជារួម ពីមហាដំណើរទៅកាន់មហាចក្ខុវិស័យ គឺជាដំណើរនៃការបន្តស្មារតីតស៊ូ និងការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការកសាងអនាគត ។ ការសម្រេចបានគោលដៅខួប១០០ឆ្នាំលើកទី១ និងការបន្តជំរុញកំណើនសេដ្ឋកិច្ច បានបង្កើតមូលដ្ឋានសម្រាប់ការឈានទៅរកគោលដៅខួប១០០ឆ្នាំលើកទី២នៃការស្តារភាពអស្ចារ្យឡើងវិញរបស់ប្រជាជាតិចិន។ មេរៀនសំខាន់ គឺការអភិវឌ្ឍត្រូវការចក្ខុវិស័យច្បាស់លាស់ សាមគ្គីភាព ការច្នៃប្រឌិត និងការយកចិត្តទុកដាក់ចំពោះប្រជាជន។ តាមរយៈការបន្តអភិវឌ្ឍប្រកបដោយគុណភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រទេសចិនអាចបន្តរួមចំណែកដល់ការអភិវឌ្ឍ សកល និងការកសាងអនាគតប្រកបដោយវិបុលភាព និងចីរភាពសម្រាប់មនុស្សជាតិក្រោមទម្រដ៏រឹងមាំនៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ៕