មោទនភាពផលិតផលជាតិ! យុទ្ធនាការ #MadeInCambodia ចាប់ផ្ដើមយ៉ាងគគ្រឹកគគ្រេងនៅមាត់ស្ទឹងសៀមរាប
(សៀមរាប)៖ មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប នាថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ បានរៀបចំពិធីបើក «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ក្រោមអធិបតីភាព លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ដោយមានការអញ្ជើញចូលរួមពីមន្ត្រីតំណាងមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ផលិតករ និងតំណាងវិស័យឯកជនយ៉ាងច្រើនកុះករ។

យុទ្ធនាការដែលគ្រោងនឹងប្រព្រឹត្តទៅរយៈពេល ១សប្តាហ៍ក្នុងមួយខែ និងបន្តពេញមួយឆ្នាំនេះ មានគោលបំណងយុទ្ធសាស្ត្រក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក និងជំរុញការនាំចេញនៅនឹងកន្លែង។ លើសពីនេះ គឺជាការបង្ហាញនូវស្មារតី «ស្រឡាញ់ផលិតផលជាតិ គាំទ្រកសិករ និងផលិតករខ្មែរ» ដើម្បីជម្រុញសេដ្ឋកិច្ចមាតុភូមិ។

តាមរយៈយុទ្ធនាការនេះ មន្ទីរពាណិជ្ជកម្មរំពឹងថានឹងជួយឱ្យផលិតផលខ្មែរកាន់តែមានភាពលេចធ្លោ ព្រមទាំងបង្កើតឱកាសពង្រីកទីផ្សារដាក់លក់នៅតាមបណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាតទូទាំងប្រទេសឱ្យកាន់តែទូលំទូលាយ។

Khmer Village
Official Verified Account

Khmer Village គឺជាអង្គភាពសារព័ត៌មានឯករាជ្យ និងគួរឱ្យទុកចិត្ត ដែលផ្តល់ជូននូវព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ ពីគ្រប់ទិសទីនៅកម្ពុជា និងពិភពលោក។