កំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់របស់ចិន បញ្ជូនសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចក្នុងស្រុក និងបន្តតួនាទីជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចសកល
ក្នុងបរិបទដែលសេដ្ឋកិច្ចសកលកំពុងស្ថិតក្រោមសម្ពាធនៃភាពមិនប្រាកដប្រជា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងវិបត្តិថាមពលសកល សេដ្ឋកិច្ចចិននៅតែបន្តបង្ហាញភាពធន់ខ្ពស់ និងរក្សាសន្ទុះគួរឱ្យកត់សម្គាល់។ ការសម្រេចបាននូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ៥% ក្នុងត្រីមាសទីមួយ ឆ្នាំ២០២៦ គឺជាសក្ខីភាពដែលបញ្ជាក់ថា ប្រទេសចិនមិនត្រឹមតែអាចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចផ្ទៃក្នុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្តតួនាទីជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចសកលផងដែរ។

ខណៈដែលសេដ្ឋកិច្ចធំៗជាច្រើនកំពុងប្រឈមមុខនឹងហានិភ័យនៃកំណើនយឺត ឬការជាប់គាំង សន្ទុះនៃកំណើនរបស់ចិនបានក្លាយជាប្រភពនៃភាពប្រាកដប្រជា និងយុថ្កានៃស្ថិរភាពសម្រាប់សេដ្ឋកិច្ចសកល ក្នុងបរិយាកាសអន្តរជាតិដ៏ស្រពិចស្រពិល។ នេះមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែជាផ្លែផ្កានៃកិច្ចប្រឹងប្រែងប្រកបដោយសង្គតិភាពរបស់រដ្ឋាភិបាល និងប្រជាជនចិនទាំង ១,៤ ពាន់លាននាក់ ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង ជាពិសេសផែនការប្រាំឆ្នាំលើកទី១៤ (២០២១-២០២៥) និងផែនការប្រាំឆ្នាំលើកទី១៥ (២០២៦-២០៣០)។

ក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ប្រទេសចិនបានរួមចំណែកប្រមាណ ៣០% ដល់កំណើនសេដ្ឋកិច្ចសកល និងពង្រឹងពហុភាគីនិយមតាមរយៈគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ប្រកបដោយគុណភាពខ្ពស់។ ការបើកចំហទីផ្សារតាមរយៈការកាត់បន្ថយរបាំងពន្ធគយ និងការសម្របសម្រួលពាណិជ្ជកម្ម បានធ្វើឱ្យចិនក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញសេរីភាវូបនីយកម្ម និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ ដែលជាកត្តាចាំបាច់សម្រាប់វិបុលភាពរួម។

មូលដ្ឋានគ្រឹះនៃភាពធន់នេះ គឺការធ្វើបរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចឆ្ពោះទៅរកគំរូដែលផ្អែកលើនវានុវត្តន៍ ការលើកកម្ពស់ការពឹងពាក់លើខ្លួនឯង និងការពង្រីកតម្រូវការក្នុងស្រុក។ តាមរយៈការបង្កើនការវិនិយោគលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប ក៏ដូចជាការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យមានភាពស្វ័យគ្រប់គ្រង ប្រទេសចិនបានកាត់បន្ថយការពឹងផ្អែកពីខាងក្រៅ និងបង្កើនសមត្ថភាពប្រកួតប្រជែងជាតិរបស់ខ្លួន។

ជាក់ស្តែង ឆ្លើយតបនឹងវិបត្តិថាមពលសកល ប្រទេសចិនបានអនុវត្តយុទ្ធសាស្ត្រចម្រុះ ដើម្បីធានាសន្តិសុខថាមពល រួមមានការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ ការបង្កើនទុនបម្រុងប្រេងយុទ្ធសាស្ត្រ និងការជំរុញថាមពលស្អាត។ ជាមួយនឹងចក្ខុវិស័យនៃការសម្រេចឱ្យបាននូវការបំភាយកាបូនឱ្យបានខ្ពស់បំផុតនៅមុនឆ្នាំ២០៣០ និងក្លាយទៅជាកាបូនអព្យាក្រឹតនៅឆ្នាំ២០៦០ ប្រទេសចិនកំពុងក្លាយជាអ្នកដឹកនាំសកលក្នុងវិស័យថាមពលកកើតឡើងវិញ និងឧស្សាហកម្មបៃតង ដែលជាកម្លាំងចលករថ្មីសម្រាប់កំណើនប្រកបដោយចីរភាព។

សមិទ្ធផលទាំងនេះមិនត្រឹមតែត្រួសត្រាយផ្លូវឱ្យចិនសម្រេចបាននូវគោលដៅសតវត្សរ៍ទីពីររបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការពង្រឹងស្ថិរភាពសម្រាប់សេដ្ឋកិច្ចសកលផងដែរ។ ការបញ្ចូលគ្នារវាងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពបត់បែន និងការកែលម្អរចនាសម្ព័ន្ធស្ថាប័ន បានធ្វើឱ្យកំណើនរបស់ចិនកាន់តែមានភាពធន់ គុណភាព និងចីរភាព ព្រមទាំងបានចាក់បញ្ចូលនូវភាពប្រាកដប្រជាទៅក្នុងសេដ្ឋកិច្ចសកល ដែលកំពុងតែមិនប្រាកដប្រជា។

សរុបមក ក្នុងកាលៈទេសៈដែលភាពមិនច្បាស់សកលនៅតែបន្ត  កំណើនប្រកបដោយភាពធន់របស់ចិន មិនត្រឹមតែផ្តល់សញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចក្នុងស្រុកទេ ប៉ុន្តែនឹងដើរតួនាទីជាកម្លាំងចលករដែលមិនអាចខ្វះបានក្នុងការពង្រឹងស្ថិរភាព និងជំរុញសន្ទុះសេដ្ឋកិច្ចសកល ដែលនឹងនាំមកនូវវិបុលភាពរួមសម្រាប់តំបន់ និងអន្តរជាតិ។

 

ដោយលោក ហ៊ូ ចំរើន 

អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

Khmer Village
Official Verified Account

Khmer Village គឺជាអង្គភាពសារព័ត៌មានឯករាជ្យ និងគួរឱ្យទុកចិត្ត ដែលផ្តល់ជូននូវព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ ពីគ្រប់ទិសទីនៅកម្ពុជា និងពិភពលោក។