ការលើឡើងពីអ្នកជំនាញវិស័យព័ត៌មានបែបនេះស្របពេលដែលកម្ពុជាចូលរួមប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ«ការកសាងអនាគតមួយប្រកបដោយសន្តិភាព»។
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន លើវិស័យព័ត៌មាន បណ្តាញព័ត៌មានរដ្ឋកម្ពុជាមានដូចជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយសារព័ត៌មានចិន ដូចជា Guangxi Daily, Xinhua ,វិទ្យុជាតិកម្ពុជា (RNK),ទូរទស្សន៍ជាតិកម្ពុជា (TVK) ជាមួយវិទ្យុ និងទូរទស្សន៍មជ្ឈឹមចិនជាដើម ក្នុងការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកលើគ្រប់វិស័យ និងមានភាពសម្បូរបែប។ ក្រៅពីនេះក៏មានដូចជាកិច្ចសហការជាមួយសមាគមសារព័ត៌មានក្នុងប្រទេសកម្ពុជា, ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការតភ្ជាប់វេទិកាឌីជីថលពហុភាសា និងផ្សាយការពិតជូនពិភពលោកលើវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចផងដែរ។
ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានបន្តថា តាមរយៈយន្តការ "Zero Fake News យុទ្ធនាការគ្មានព័ត៌មានក្លែងក្លាយ" ក្នុងក្របខណ្ឌឡានឆាង-មេគង្គ ប្រទេសយើងទាំងពីរកម្ពុជា-ចិនបានរួមសហការគ្នាបង្កើតជាខែលដើម្បីការពារការពិត បន្សាបរាល់ការផ្សាយបំភ្លៃ និងប្រឌិតព័ត៌មានដែលបង្កប់ចរិតអគតិ និងរបៀបវារៈនយោបាយ សំដៅការពារអធិបតេយ្យភាពព័ត៌មាន កិច្ចខិតខំ និងសមិទ្ធផលនានាដែលកើតចេញពីកិច្ចសហការ ពិសេសគម្រោង និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ។ ជាងនេះ កិច្ចខិតខំនឹងជួយឱ្យពិភពលោកបានឃើញពីការពិតនៅកម្ពុជា តាមរយៈប្រភពព័ត៌មានផ្លូវការ និងបន្សាបការផ្សាយបំភ្លៃពីមជ្ឈដ្ឋានខាងក្រៅ។
ឯកឧត្តមបន្តថា ការផ្សារភ្ជាប់រវាង ព្រែកជីកហ្វូណនតេជោ ដែលបានបើកការដ្ឋានដំណាក់កាលទី២ កាលពីខែមេសា ឆ្នាំ២០២៦ និង ព្រែកជីក Ping lu របស់ចិន គឺជាសក្ខីភាពនៃភាពជោគជ័យនៃមិត្តភាពដែកថែប ដែលនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្តមបញ្ជាក់ដូច្នេះថា៖ « កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីជាសរសៃឈាមនៃទំនុកចិត្ត ក្នុងការជំរុញសេដ្ឋកិច្ច និងការអភិវឌ្ឍតាមផ្លូវទឹក ក្នុងនោះការអនុវត្តថាមពលបៃតង និងសកម្មភាពទេសចរណ៍ ពាណិជ្ជកម្ម ការងារ, បង្កើនការយល់ដឹងពីឱកាសវិនិយោគ ទេសចរណ៍ និងការតភ្ជាប់ភស្តុភារកម្ម ដោយបង្កើតបានជាបរិយាកាសព័ត៌មាននិងសាធារណៈប្រកបដោយភាពវិជ្ជមាន។ ទាំងនេះមិនត្រឹមតែជាការផ្លាស់ប្តូរព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្សារភ្ជាប់ប្រជាជាតិនិងប្រជាជាតិ ការបញ្ជូនសារអំពីចក្ខុវិស័យអភិវឌ្ឍន៍រួមគ្នាឱ្យកាន់តែស៊ីជម្រៅ និងមាននិរន្តរភាព។»
លោកពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានរវាងកម្ពុជា និងចិន មានសន្ទុះកើនឡើងយ៉ាងខ្លាំង។ ក្នុងនោះក្លឹបអ្នកកាសែតកម្ពុជាបានដើរតួនាទីយ៉ាងសកម្មក្នុងការទទួលយកព័ត៌មានពីភាគីចិនមកផ្សព្វផ្សាយនៅកម្ពុជា។ ទន្ទឹមនឹងនោះព័ត៌មានពីកម្ពុជាក៏ត្រូវបានភាគីចិនយកទៅផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ប្រជាជនចិនវិញផងដែរ។
លោកបន្តថា ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ លោក តែងតែដឹកនាំប្រតិភូអ្នកសារព័ត៌មានកម្ពុជាទៅកាន់ប្រទេសចិនដោយផ្ទាល់ ចំនួនពី ២ ទៅ ៣ ដង ក្នុងមួយឆ្នាំ។ កិច្ចការនេះធ្វើឡើងក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយសមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិន ដែលមានសមាជិកដ៏ច្រើនលើសលប់រហូតដល់ជាង១ លាននាក់។
លោកពុយគារបន្ថែមថា៖«ក្រៅពីទស្សនកិច្ចក៏មានការរៀបចំវេទិកាផ្សេងៗដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងផ្សព្វផ្សាយពីចំណុចវិជ្ជមាននៃប្រទេសទាំងពីរ ជាពិសេសលើផ្នែកវប្បធម៌ និងទេសចរណ៍ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអ្នកវិនិយោគចិន។ ជាមួយគ្នានេះក្លឹបអ្នកកាសែតកម្ពុជានឹងបន្តពង្រឹងយន្តការការងារជាមួយភាគីចិន ដើម្បីធានាថាព័ត៌មានពិត និងសក្តានុពលជាក់ស្តែងរបស់ប្រទេសទាំងពីរ ត្រូវបានជ្រាបទៅដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅ»។
ក្នុងឱកាសអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សហគមន៍សារព័ត៌មានក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងការពារសន្តិភាព ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់តម្លៃខ្ពស់លើសេរីភាពសារព័ត៌មានដោយចាត់ទុកវិស័យនេះជាដៃគូមិនអាចខ្វះបានក្នុងការជំរុញអភិបាលកិច្ចល្អ៕