នាពេលថ្មីៗកន្លងទៅនេះ ដើម្បីលើកកម្ពស់ថ្នាក់នៃសកម្មភាពទំនៀមទម្លាប់ប្រពៃណីដែលមានប្រវត្តិសាស្ត្រជាងមួយពាន់ឆ្នាំរួចហើយ រដ្ឋបាលខេត្តក្វាងទុងបានរៀបចំធ្វើព្រឹត្តិការណ៍ការប្រើប្រាស់ដ៏អស្ចារ្យមួយលើកលើវិស័យវប្បធម៌ និងកីឡានៅខេត្តទាំងមូល ក្រោមប្រធានបទ “ការប្រណាំងទូកនាគ”។ តាមដំណឹងបានឱ្យដឹងថា ក្នុងរយៈពេលពីខែមិថុនាដល់ខែកក្កដាប៉ុណ្ណោះ ខេត្តក្វាងទុងក៏បានរៀបចំការប្រកួតទូកនាគចំនួនជាង២រយផ្នែក និងការប្រកួតប្រជែងកីឡាលើសពី៥រយលើក អ្នកចូលចិត្តកីឡាចំនួនជិត១០ម៉ឺននាក់ បានចែវទូកប្រកួតប្រជែង ហើយព្រឹត្តិការណ៍ទាំងនេះបានធ្វើឡើងនៅទន្លេ បឹង និងស្រះទឹកនៃទីក្រុងចំនួន២១ទាំងអស់ក្នុងខេត្តនេះ ។
ដោយឡែក នាយកដ្ឋានទេសចរណ៍វប្បធម៌នៃខេត្តហ៊ូប៉ី បានដាក់ចេញ “មគ្គុទ្ទេសក៍ទេសចរណ៍នៅក្រុងជីងចូវក្នុងអំឡុងបុណ្យសែននំចាំង” ហើយក៏បានរៀបចំព្រឹតិ្តការណ៍កីឡាមួយចំនួន ដូចជាការប្រកួតបើកចំហទូកនាគចិនឆ្នាំ២០២៦ (នៅក្រុងជីងចូវខេត្តហ៊ូប៉ី) និងជាព្រឹតិ្តការណ៍ក្រោមប្រធានបទ “លេងកីឡាអបអរបុណ្យសែននំចាំង” ការប្រកួតលីគកំពូលបាល់ទាត់ក្នុងផ្ទះទល់នឹងក្រុមសៀងយ៉ាង និងការប្រកួតទូកនាគនៅតាមស្រុកជាដើម ។ សកម្មភាពស្លៀកសម្លៀកបំពាក់សម័យចានគ័រនិងថតរូបក្នុងអំឡុងបុណ្យសែននំចាំង ការតាំងពិព័រណ៍និងការសម្តែងអំពីបេតិកភណ្ឌវប្បធម៌អរូបីក្នុងទីវាសម្បតិ្តបេតិកភណ្ឌវប្បធម៌ សកម្មភាពរាត្រីដ៏អស្ចារ្យក្នុងអំឡុងបុណ្យសែននំចាំង ក្រោមប្រធានបទ “ពេលវេលា១២នៅក្រុងជីងចូវ” ព្រមនិងសកម្មភាពនៅតំបន់ទេសចរណ៍ជាដើម បានរៀបចំធ្វើជាបន្តបន្ទាប់ ។
ទិន្នន័យតាមបណ្តាញអ៊ីនធឺណែតបានបង្ហាញថា គិតរហូតដល់ថ្ងៃទី១០ ខែមិថុនា ចំនួនស្វែងរកពាក្យគន្លឹះដូចជា “បុណ្យសែននំចាំង” “ទូកនាគ” “នំចាំង”ជាដើម បានកើនឡើង១.៨ដង បើប្រៀបធៀបនឹងខែមុន ។ ទីក្រុងស៊ាងហ្គ្រាវ ខេត្តជាំងស៊ី បានក្លាយជាគោលដៅទេសចរណ៍មានប្រជាប្រិយភាពដែលពោរពេញទៅដោយវប្បធម៌និងទំនៀមទម្លាប់បុណ្យសែននំចាំង អ្នកទេសចរអាចទស្សនាការប្រណាំងទូកនាគលើដីស្ងួតនិងចង្កៀងគោមសិល្បៈនៅរាងត្រី។ រីឯនៅក្រុងចាស៊ីននិងក្រុងអ៊ូចិន ខេត្តជឺជាំង អ្នកទេសចរអាចវេចនំចាំង ក្រងខ្សែ៥ពណ៌ជាដើម ដើម្បីដកបទពិសោធក្នុងសកម្មភាពបុណ្យសែននំចាំងដ៏ប្រពៃណីនៃតំបន់ខាងត្បូងនៃទន្លេយ៉ង់សេ ។ សួនកម្សាន្តបែបចិនមួយចំនួនដែលអាចទទួលបានបទពិសោធយ៉ាងជ្រាលជ្រៅ មានប្រជាប្រិយភាពកាន់តែខ្លាំងឡើងក្នុងអំឡុងបុណ្យសែននំចាំង។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ចំនួនកក់សំបុត្រសួនកម្សាន្តបេតិកភណ្ឌបូព៌ា Fantawild នៃក្រុងអ៊ូហ៊ូ បានកើនឡើង៦ដង ចំនួនកក់សំបុត្រសួនកម្សាន្តអំពីរឿងលោកគ្រូថាំងចេងទៅចម្លងធម៌បានកើនឡើង៥.៤ដង ចំនួនកក់សំបុត្រឧទ្យានទីក្រុងសហស្សវត្សរ៍ នៃក្រុងកៃហ្វេងបានកើនឡើង៤.៥ដង ។
ដោយឡែក បុណ្យសែននំចាំងឆ្នាំនេះ ចំពេលការប្រកួតបាល់ទាត់ពិភពលោកនិងទិវាឪពុក ដូច្នេះ ការនាំឪពុកទៅមើលការប្រកួតបាល់ទាត់បានក្លាយជាមធ្យោបាយនៃគ្រួសារជាច្រើនដើម្បីអបអរថ្ងៃបុណ្យ ។ ការប្រកួតកំពូលបាល់ទាត់នៅខេត្តជាំងស៊ូ ដែលរៀបចំធ្វើនៅតំបន់ទាំងបួនមានប្រជាប្រិយភាពខ្លាំង ក្រៅពីនេះ ការប្រកួតកំពូលបាល់ទាត់នៅតំបន់ឦសានក៏បានទាក់ទាញអ្នកគាំទ្រមកពីគ្រប់ទិសទីទៅទស្សនា ដែលធ្វើទេសចរណ៍វប្បធម៌នៅតំបន់ឦសានមានប្រជាប្រិយភាពកើនឡើង២០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។
សូមបញ្ជាក់ថា ឆ្នាំនេះ ជាឆ្នាំដែលប្រទេសចិនចាប់ផ្តើមអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ។ បច្ចុប្បន្ននេះ តំបន់នានានៃប្រទេសចិនបាននិងកំពុងអភិវឌ្ឍយ៉ាងសកម្មនូវរូបមិន្តការប្រើប្រាស់បែបថ្មី ដូចជាសេដ្ឋកិច្ចព្រឹត្តិការណ៍កីឡា និងសេដ្ឋកិច្ចថ្ងៃឈប់សម្រាកជាដើម ដើម្បីប្រែកំដៅនៅរដូវក្តៅទៅជាភាពសន្ទុះខ្លាំងក្លានៃការប្រើប្រាស់និងល្បឿននៃការអភិវឌ្ឍ តាមរយៈរូបមិន្តអភិវឌ្ឍវប្បធម៌ កីឡា ទេសចរណ៍និងពាណិជ្ជកម្មដោយស៊ីសង្វាក់គ្នា ៕