លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន
នេះជាការលើកឡើងរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្នុងបទសម្ភាសន៍ជាមួយវិទ្យុមិត្តភាពកម្ពុជា-ចិន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។
លោកបណ្ឌិត បានរំលឹកថា ផ្លូវសូត្របុរាណបានចាប់កំណើតឡើងក្នុងអំឡុងរាជវង្សហាន (សតវត្សរ៍ទី២ មុនគ្រិស្តសករាជ) ដោយដើរតួនាទីជាស្ពានសេដ្ឋកិច្ចសម្រាប់ការជួញដូរទំនិញសំខាន់ៗដូចជា សូត្រ តែ គ្រឿងទេស និងលោហធាតុជាដើម។ ក្រៅពីទិដ្ឋភាពសេដ្ឋកិច្ច ផ្លូវនេះក៏ជាបណ្តាញផ្លាស់ប្តូរវប្បធម៌ សាសនា និងបច្ចេកវិទ្យា ដែលក្នុងនោះសាសនាព្រះពុទ្ធក៏ត្រូវបានផ្សព្វផ្សាយពីឥណ្ឌាមកកាន់ប្រទេសចិនតាមរយៈផ្លូវនេះផងដែរ។
ចំពោះទំនាក់ទំនងកម្ពុជា-ចិន លោកបណ្ឌិត ជា មុនីឫទ្ធិ បានបញ្ជាក់ថា ផ្លូវសូត្របុរាណបានដើរតួនាទីជាស្ពានប្រវត្តិសាស្ត្រ ដែលតភ្ជាប់ប្រជាជននៃប្រទេសទាំងពីរឱ្យមានទំនាក់ទំនងជាមួយគ្នាជាយូរណាស់មកហើយ។ វត្តមានរបស់បេសកជន និងអ្នកដំណើរចិនដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្រកម្ពុជា ជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីចំណងមិត្តភាពនេះ ពោលគឺនៅសតវត្សរ៍ទី៣ ដំណើរទស្សនកិច្ចរបស់លោក កាំង ថៃ និងលោក ជូ យីង មកកាន់អាណាចក្រហ្វូណន។ សតវត្សរ៍ទី១៣ ដំណើរទស្សនកិច្ចរបស់លោក ជីវ តាក្វាន់ មកកាន់អាណាចក្រអង្គរ និងសតវត្សរ៍ទី១៥ ដំណើរទស្សនកិច្ចរបស់លោក ចឹង ហឺ មកកាន់ប្រទេសកម្ពុជា។
លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ក្នុងបរិបទសម័យទំនើប ស្មារតីនៃផ្លូវសូត្របុរាណត្រូវបានបន្ត និងពង្រីកតាមរយៈគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» (Belt and Road Initiative)។ គំនិតផ្តួចផ្តើមនេះ បានក្លាយជាកម្លាំងចលករថ្មីក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម វិនិយោគ វិស័យទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែលធ្វើឱ្យចំណងមិត្តភាពកម្ពុជា-ចិន កាន់តែរឹងមាំ និងមានភាពស៊ីជម្រៅថែមទៀត៕