អ្នក​ជំនាញ ​ជំរុញ​ឲ្យ​យុវជន​ខ្មែរ​ចាប់​ឱកាស​ទៅ​ដឹកនាំ​ (CEO) នៅ​ក្នុង​ក្រុមហ៊ុន​ធានារ៉ាប់រង​អន្តរជាតិ​ធំៗ​នៅ​កម្ពុជា
អ្នក​ជំនាញ​ហិរញ្ញវត្ថុ​បាន​លើកទឹកចិត្ត​ឲ្យ​យុវជន​ ពង្រឹង​សមត្ថភាពជំនាញ​ធានារ៉ាប់រង ដើម្បី​មាន​លទ្ធភាព​ទទួល​បាន​ការ​ទុកចិត្ត ទៅ​កាន់​តំណែង​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​ជា​អគ្គនាយក (CEO) នៅ​ក្នុង​ក្រុមហ៊ុន​ធានារ៉ាប់រង​​ធំ​ៗ​នៅ​កម្ពុជា។

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក​និយ័តករ​ធានារ៉ាប់រង​កម្ពុជា​បាន​លើក​ឡើង​ថា​ នៅ​ក្នុងវិស័យ​ហិរញ្ញវត្ថុ និស្សិត​​ដែល​បញ្ចប់ការសិក្សាថ្នាក់​បរិញ្ញាបត្រភាគច្រើន មាន​ចំណេះដឹង​ទូទៅ​ផ្នែក​ហិរញ្ញវត្ថុ និង​ធនាគារ ប៉ុន្តែ​ពុំ​ទាន់​មានចំណេះដឹង​ស៊ីជម្រៅ​លើ​ផ្នែក​ធានារ៉ាប់រងនោះ​ទេ។

លោក​លើកទឹកចិត្ត​លើកទឹកចិត្ត​ដល់​យុវជនខ្មែរ ពង្រឹង​សមត្ថភាពអាចឡើងកាន់តំណែងជាថ្នាក់ដឹក​នាំ​ជាន់ខ្ពស់ និងអគ្គនាយក (CEO) នៅក្នុងក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិធំៗនៅកម្ពុជា​ ខណៈ​ឱកាស​អាច​ក្លាយ​ជា​អ្នក​ដឹកនាំ​ នៅ​តែ​ជា​អាទិភាព​បើ​សិន​ធនធាន​មនុស្ស​ក្នុង​ស្រុក​មាន​សមត្ថភាព​គ្រប់គ្រាន់​។

លោក ប៊ូ ច័ន្ទភីរូ បាន​បញ្ជាក់ថា «គោលដៅទៅថ្ងៃអនាគត គឺយើង​ចង់ឱ្យអ្នកដឹកនាំកំពូលៗ និង CEOs នៃក្រុមហ៊ុនធានារ៉ាប់រង​ជា​ជនជាតិខ្មែរ»។

ក្រុមហ៊ុនបរទេសក៏ចង់បានជនជាតិក្នុងស្រុកដែលមានសមត្ថភាព និងយល់ច្បាស់ពីវប្បធម៌ និង​បរិបទ​​ក្នុងស្រុកដែរ ព្រោះការជួលជនបរទេសត្រូវចំណាយខ្ពស់ណាស់ ខណៈ​ ការប្រើប្រាស់​អ្នកក្នុងស្រុក​ផ្តល់ផលប្រយោជន៍ច្រើនទាំងការយល់ដឹងពីចំណង់ចំណូលចិត្តអតិថិជន និង​ការចំណេញ​របស់ក្រុមហ៊ុន។

ដោយសារ​កង្វះខាត​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ ក្រុមហ៊ុន​ធានារ៉ាប់រង​នានា​តែងតែ​ធ្វើការ​ទាក់​ទាញ ឬ​លួច​បុគ្គលិក​ដែល​មាន​បទពិសោធន៍​ពីគ្នា​ទៅវិញ​ទៅមក ដែល​បង្កើត​ជា​បញ្ហា​ប្រឈម​ក្នុង​ទីផ្សារ​ការងារ។

ពាក់ព័ន្ធ​ជំរុញ​យុវជន​ខ្មែរ​អាច​ក្លាយជា​អ្នក​គ្រប់គ្រងនូវស្ថាប័នធំៗ លោក ផុន ណារិន សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ពាណិជ្ជសាស្រ្ត អេស៊ីលីដា​ យល់​ឃើញ​ថា «ខ្ញុំគិតថា យើង​អាចធ្វើបាន!»។

លោក​លើក​ឡើង​ថា «បរទេសក៏ដោយ ខ្មែរយើងក៏ដោយ គឺ​វិនិយោគិន​គេ​គិតពីលទ្ធភាព​នៃការ​អភិវឌ្ឍ និងរីកចម្រើនទៅមុខ។ អីចឹង​ការ​អភិវឌ្ឍរីកចម្រើន វាត្រូវការការចំណាយ​មួយ​ដែល​មានប្រសិទ្ធភាព»។

លោក​ថា «បើសិនជាអាចប្រើថ្នាក់គ្រប់គ្រងនៅក្នុងស្រុក ថ្លៃចំណាយធនធាន​ក្នុង​ស្រុក​មិនសូវ​ខ្ពស់ទេ។ ប៉ុន្តែនៅពេល​ដែលនាំបរទេសមក ត្រូវ​ចំណាយ​សព្វគ្រប់ មាន​ទាំង​ថ្លៃ​ស្នាក់នៅអ្នកយាម​ផ្ទះ ត្រូវមាន​របបផ្សេងៗនិង​ណា​មួយ​ត្រូវ​ចាយ​លើ​ថ្លៃ​កូនរៀន​ ដើម្បីមកនៅជុំគ្នា ដែល​នេះ​ជាចំណាយ​មួយខ្ពស់។

បើ​តាម​បទ​ពិសោធន៍​របស់​លោក ​ដែល​ធ្លាប់​ទៅ​គ្រប់គ្រង​ដឹកនាំ​នៅ​ប្រទេស​ឡាវ​ផង​ លោក​ប្រៀបធៀប​ការ​ចំណាយ​​រវាង​ការជួល​បរទេស និង​ក្នុង​ស្រុក​បើ​ធៀប​គ្នា​ខុស​គ្នា​ពី ៣ ដង ទៅ ៥ ហើយ​បើ​ក្នុង​ស្រុក​មាន​សមត្ថភាព​ដូច​គ្នា ការ​ជ្រើសរើស​ធនធាន​ក្នុង​ស្រុក​ជា​ជម្រើស​ល្អ​ប្រសើរ​បំផុត»។

​បច្ចុប្បន្ន ក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជាមានប្រមាណ ៣៩ ទៅ ៤០ ក្រុមហ៊ុន ខណៈ​បើ​តាម​មន្រ្តី​និយ័តករ​ធានារ៉ាប់រង​អះអាង​ថា ក៏​មាន​ថ្នាក់ដឹកនាំជាធនធាន​​ក្នុង​ស្រុក​មួយ​ចំនួន កំពុង​កាន់​តំណែង​ដឹកនាំ​នៅ​ក្រុមហ៊ុន​បរទេស​ធំៗ ដែល​កំពុង​ធ្វើ​អាជីវកម្ម​ក្នុង​ប្រទេស​កម្ពុជា។

និយតករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) និង សកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា បាន​ចុះ​អនុសារណៈ​នៃការយោគ​យល់គ្នា (MoU) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍ​ធនធាន​មនុស្ស និងពង្រឹងសមត្ថភាពជំនាញក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា។

តាម​រយៈ​ការ​ចុះ MoU ជាមួយសកលវិទ្យាល័យ អេស៊ីលីដា នឹង​បង្កើតវគ្គសិក្សា ដែល​នឹង​បញ្ចូល​មុខវិជ្ជា ឬកម្មវិធីសិក្សាផ្នែកធានារ៉ាប់រង​កម្រិតមូលដ្ឋាន និងជំនាញ ទៅក្នុងកម្រិត​ឧត្តម​សិក្សា​នៅ​តាម​សកលវិទ្យាល័យ។

លោក ប៊ូ ច័ន្ទភីរូ បាន​អះអាង​ថា រួមទាំង​សកលវិទ្យាល័យ អេស៊ីលីដា គឺ​ជា​សកលវិទ្យាល័យ​ទី ៥ ដែល​បាន​ចុះ MoU ជាមួយ​ ដើម្បី​សហការ​គ្នា​បណ្តុះបណ្តាល​ជំនាញ​ធានារ៉ាប់រង​ ដើម្បីឱ្យនិស្សិត​អាច​ចាប់​យកឱកាសការងារ​ដែលកំពុងរីកចម្រើនយ៉ាងខ្លាំង និង​អាច​ក្លាយ​ជា​អ្នក​ដឹកនាំ​ទៅ​ថ្ងៃ​អនាគត​៕

Kim Panha
Official Verified Account