កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រសួងព័ត៌មានបានរៀបចំពិធីផ្សព្វផ្សាយយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២ ដល់សិស្សានុសិស្សប្រមាណ ៦០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា បន្ទាប់ពីក្រសួងបានអនុវត្តយុទ្ធនាការនេះអស់រយៈពេលពីរឆ្នាំមក ពលរដ្ឋ ជាពិសេសយុវជនដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គមច្រើនជាងគេ បានបង្កើនការយល់ដឹងកាន់តែប្រសើរឡើងអំពីការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
យុទ្ធនាការនេះបានរួមចំណែកលើកកម្ពស់អក្ខរកម្មព័ត៌មានដល់សាធារណជន ដើម្បីទប់ស្កាត់ការចែកចាយព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គម មិនឱ្យបន្តរាលដាលដល់ក្រុមគ្រួសារ និងសហគមន៍ទៀតឡើយ។
ឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់ថា ការវាយតម្លៃនេះផ្អែកលើការសង្កេតផ្ទាល់ ការវាយតម្លៃពីក្រុមការងារជំនាញនៃក្រសួងព័ត៌មាន និងមតិមហាជន។ ជាក់ស្តែងបើពិនិត្យលើព្រឹត្តិការណ៍ការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជាលើកទី១ គេសង្កេតឃើញមានការចែកចាយព័ត៌មានមិនពិតជាច្រើន ដែលមានប្រភពពីក្រៅប្រទេស ជាពិសេសពីប្រទេសថៃ ក្នុងគោលបំណងបំបែកបំបាក់សាមគ្គីជាតិ និងធ្វើឱ្យបាក់ទឹកចិត្តកងទ័ព។ ប៉ុន្តែនៅពេលកើតមានព្រឹត្តិការណ៍ឈ្លានពានលើកទីពីរនេះ សន្ទុះនៃការចែកចាយព័ត៌មានមិនច្បាស់លាស់ពាក់ព័ន្ធនឹងសមរភូមិ និងសកម្មភាពកងទ័ពបានថយចុះគួរឱ្យកត់សម្គាល់។
ឯកឧត្តមបញ្ជាក់ដូច្នេះថា៖ « កាលពីពេលថ្មីៗនេះ ចំពោះករណីយោធាកម្ពុជាចំនួន ៤ រូប រងរបួសនៅតំបន់ព្រំដែន ដែលមានការផ្សព្វផ្សាយថាមានអ្នកស្លាប់ផងនោះ ឃើញថាប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមមិនបានចែករំលែក ឬផ្សាយបន្តឡើយ។ ផ្ទុយទៅវិញ ពួកគាត់បានចូលរួមបញ្ចេញមតិដោយអំពាវនាវឱ្យរង់ចាំស្តាប់ព័ត៌មានផ្លូវការពីក្រសួងការពារជាតិ ឬស្ថាប័នសារព័ត៌មានដែលគួរឱ្យទុកចិត្តសិន។ សកម្មភាពនេះបានបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋមានការយល់ដឹងកាន់តែខ្ពស់ បន្ទាប់ពីមានយុទ្ធនាការ " និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ "»។
នៅក្នុងឱកាសនោះ លោក អ៊ូច ទូច នាយករដ្ឋបាលសាលាខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង រួមជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រួមទាំងសិស្សានុសិស្សបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ" ជំហានទី២។ ពួកគេបានប្តេជ្ញាចិត្តចូលរួមផ្សព្វផ្សាយយុទ្ធនាការនេះឱ្យកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ វិធីការពារខ្លួនពីការបំភាន់ក្នុងយុគសម័យឌីជីថល ព្រមទាំងពង្រឹងសមត្ថភាពប្រជាពលរដ្ឋក្នុងការទទួល និងប្រើប្រាស់ព័ត៌មានដោយស្មារតីទទួលខុសត្រូវខ្ពស់។
សូមបញ្ជាក់ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» បានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅវិទ្យាល័យសម្តេចហ៊ុនសែន ប៊ុន រ៉ានី វត្តភ្នំ។
យុទ្ធនាការនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន ក្នុងការកសាងភាពធន់ឌីជីថល និងការពារប្រជាពលរដ្ឋ ជាពិសេសយុវជន ឱ្យចៀសផុតពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ។
បច្ចុប្បន្ន យុទ្ធនាការនេះកំពុងអនុវត្តនៅតាមគ្រឹះស្ថានសិក្សាក្នុងរាជធានី-ខេត្តចំនួន ១១ រួមមាន៖ ភ្នំពេញ, ព្រះវិហារ, តាកែវ, កំពង់ស្ពឺ, សៀមរាប, កំពង់ចាម, កំពង់ធំ, ពោធិ៍សាត់, កំពត, កែប និងខេត្តកោះកុង។ ក្រុមការងារនឹងបន្តពង្រីកសកម្មភាពនេះឱ្យគ្របដណ្តប់ទូទាំង ២៥ រាជធានី-ខេត្ត ក្នុងឆ្នាំ២០២៦នេះ៕